ឈរប្រចាំជាអចិន្ត្រៃយ៍នៅកែងផ្លូវ៥៧ និង២៨៨ក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងចំណោមអ្នកម៉ូតូឌុបប្រុសប្រមាណជាង១០នាក់ នាងអ៊ំ ចាន់ថន អាយុ៣៥ឆ្នាំមេម៉ាយ មានកូន២ ម្ដាយ និងប្អូនស្រីម្នាក់ក្នុងបន្ទុកតែងតែចេញពីផ្ទះតាំងម៉ោង៦ព្រឹក រហូតដល់ម៉ោង៧ឬ៨យប់ ឬជួនកាលអាធ្រាត្រក៏មាន ក្នុងការប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបអស់រយៈពេលជាង៥ឆ្នាំមក ហើយ។ នៅកម្ពុជាយើង គេកម្រឃើញស្ត្រីភេទប្រកបមុខរបរនេះណាស់ ព្រោះជាមុខរបរដែលត្រូវការប្រើកម្លាំងកាយខ្លាំង ហើយប្រថុយប្រថាននឹងគ្រោះថ្នាក់ច្រើនផង។ នាង អ៊ំ ចាន់ថន ថ្វីបើមានកានឿយហត់ និងមានការព្រួយបារម្ភពីសុវត្ថិភាពក្នុងមុខរបរនេះខ្លះក៏ដោយ ក៏នាងនៅតែតស៊ូរហូតដល់បច្ចុប្បន្ននេះទទួលបានជោគជ័យប្រសើរ ដោយមានការរាប់អាន អាណិតអាសូរ និងឧបត្ថម្ភពីភ្ញៀវ ពិសេសភ្ញៀវបរទេស និងពីបងប្អូនអ្នកប្រកបមុខរបរម៉ូតូឌុបដូចគ្នា។ "ក្នុងចំណោមកូនខ្ញុំទាំង៦ ចាន់ថន ជាកូនទី៣មានគំនិតប្រឹងប្រែងរកលុយណាស់តាំងពីនៅវ័យក្មេងម្ល៉េះ វាមិនដែលមានគំនិតផ្ដេកផ្ដួលលើម្ដាយ បងប្អូន ឬប្ដីសីទេ " នេះជាប្រសាសន៍របស់អ៊ំស្រី ស៊ំ សាមឿន ជាម្ដាយរបស់នាង អ៊ំ ចាន់ថន ដែលបានពោលប្រាប់នៅលើផ្ទះរបស់អ៊ំ នៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ៊ំ ស៊ំ សាមឿនបន្តទៀតថា កូនស្រីទី៣របស់គាត់បានហែលឆ្លងមុខរបរច្រើនមុខណាស់មានដូចជា លក់ចេកចៀន លក់ឈូក ចៀនប្រហិត លក់បាយ បបរ ជាមួយអ្នករត់ការលក់ទិញដីផ្ទះ ហើយចុងក្រោយនេះចាប់ពីពេលលែងលះប្ដីមកក៏កាន់យកមុខរបររត់ ម៉ូតូឌុបជាប់លាប់ដែលជាមុខរបរមួយអាចធ្វើអោយនាងចិញ្ចឹមគ្រួសារ បានសមរម្យទៀតផង។ បងប្រុស កែវ នី អាយុ៥០ឆ្នាំ ជាអ្នករត់ម៉ូតូឌុបឈរប្រចាំការនៅកែងផ្លូវនោះជាមួយចាន់ថន សំដែងការសរសើរចំពោះ នាងថា "ខ្ញុំកម្រឃើញស្ត្រីណាប្រឹងប្រែងដូចនាង ណាស់ព្រោះបើនិយាយពីចំណាយសម្រាប់គ្រួសារនាងត្រូវពិបាកជាងពួក ខ្ញុំដែលមិនត្រូវចំណាយលុយលើថ្លៃឈ្នួលផ្ទះ ព្រមទាំងមានដីស្រែនិងមានប្រពន្ធជួយរកកម្រៃបន្ថែមទៀតប៉ុន្តែ នាងមិនដែលមានគំនិតផ្ដេកផ្ដួលលើអ្នកណាក្រៅពីខ្លួនឯងទេ"។ នាង អ៊ំ ចាន់ថន ក្នុងសំលៀកបំពាក់ខោវែងអាវសឺមីស ដៃវែង ពាក់មួកសុវត្ថិភាព និងវ៉ែនតាការពារកម្ដៅថ្ងៃមានសំដីប្រកបដោយទឹកមុខម៉ឺងម៉ាត់ថា "តាំងពីពេលមិនទាន់បែកគ្នាម្ល៉េះ ក្រៅពីរកស៊ីលក់ដូរខ្ញុំក៏ឆ្លៀតរត់ម៉ូតូឌុបបន្តិចបន្តួចដែរ ខ្ញុំមិនចូលចិត្តលើកដៃសុំលុយប្ដីទេ ព្រោះខ្ញុំខ្លាចគេមានពាក្យធ្ងន់ស្រាលមកលើខ្ញុំ ហើយខ្ញុំមិនដែលប្រចាំនឹងគេក្នុងការរកលុយទេ ក៏ដូចជាមិនដែលបែងចែកថាណាជាការងារប្រុស ណាជាការងារស្រីឡើយ"។ នាង ចាន់ថន បញ្ជាក់ទៀតថា "តាំងពីតូចមកខ្ញុំហែលឆ្លងអស់ហើយភាពក្រីក្រវេទនា លំបាកនឿយហត់ ផ្ទុយទៅវិញមិនដែលស្គាល់ទេនូវជីវភាពអ្វីទៅហៅថាមានបាន ឬទំនេរសុខស្រួលនោះ តែទោះយ៉ាងនេះក៏ដោយក៏ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំមានមុខរបរមួយដែលធ្វើអោយខ្ញុំមានសេរីភាពគ្រប់គ្រាន់"។
នៅក្នុងចំណុចដដែលនេះអ៊ំស្រី ស៊ូជិលហា អាយុ៧៤ឆ្នាំ ជនជាតិចាមមានផ្ទះនៅជិតគ្នា នឹងផ្ទះរបស់អ៊ំ ចាន់ថន រៀបរាប់អំពីជំហររបស់នាងក៏ដូចជាការផ្លាស់ប្ដូរឥរិយាបថរបស់ ស្ត្រីសម័យឥឡូវនេះថា នៅក្នុងភូមិ១ដែលជាភូមិចាមនេះមានគ្រួសារជាតិខ្មែរតែមួយគត់តែ គេទាំងអស់គ្នាស្រលាញ់ និងកោតសរសើរអ៊ំ ចាន់ថន ណាស់ដែលមេម៉ាយហើយអាចរកស៊ីចិញ្ចឹមកូន និងគ្រួសារបានល្អ។ អ៊ំស្រី ស៊ូជិល ហាបន្តទៀតថាស្រីៗសម័យឥឡូវនេះខុសប្លែកពីមុន ទាំងស្ត្រីចាមក៏ដូចជាស្ត្រីខ្មែរ ធំពេញវ័យមិនទាន់ ចាប់ផ្ដើមមានគំនិតចង់រកស៊ី ចង់មានចង់បាន បើអ្នកណាមានប្ដីខំរកមុខរបរបន្ថែមដើម្បីជួយប្ដី មិនមានគំនិតពឹងផ្អែកលើប្ដីទាំងស្រុងនោះទេ។ គឺដោយសារពួកគេមានគំនិតនេះ ហើយបានជាភាគច្រើនគ្រួសារគេមានសុភមង្គលមិនដែលឈ្លោះប្រកែកគ្នា ទេ។
កុំអោយតែជាមុខរបរទុច្ចរិត
ទោះបីដឹងថាមុខរបររត់ម៉ូតូឌុបចំពោះស្ត្រីប្លែកពីគេក្នុង សង្គមក៏ដោយ ក៏អ៊ំ ចាន់ថន បង្ហាញទឹកមុខមាំមួន ពេលនិយាយពីអារម្មណ៍របស់នាងថា "មានអ្នកខ្លះគេសរសើរ តែក៏មានអ្នកខ្លះគេសើច គេតាមមើល ហើយគេបោះពាក្យសំដីលែបខាយដូចជាថាស្អាតដែរ ម៉េចមិនទៅធ្វើស្រីខារាអូខេវិញទៅជាដើម។ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំមិនខ្វល់ទេទោះបីអ្នកណានិយាយថាអីក៏ថាទៅ ព្រោះខ្ញុំគិតថាសំខាន់គឺអោយតែរកលុយចិញ្ចឹមកូនបាន ហើយកុំអោយតែមុខរបរនោះទុច្ចរិតថោកទាប ម្យ៉ាងទៀតខ្ញុំគិតថាបើប្រុសធ្វើការងារណាមួយបាន ស្ត្រីក៏អាចធ្វើការងារនោះបានដែរ គ្មានអ្នកណាមកកំណត់ថា នេះជាការងារប្រុសឬស្រីទេ"។ ចំណែកអ៊ំស្រី ស៊ំ សាមឿន ជាម្ដាយក៏យល់ស្របតាមគំនិតនេះដែរ អ៊ំគ្រាន់តែបន្ថែមថាចំពោះគាត់វិញមុខរបរអ្វីក៏បានដែរ ស្រេចលើកូន កុំអោយតែប្រព្រឹត្តអ្វីដែលនាំអោយខូចកិត្តិយសដូចជាលេងបៀរ ប៉ោឡែ យកប្ដីគេ ឬរកស៊ីផ្លូវភេទជាដើម។ អ៊ំស្រី បញ្ជាក់ទៀតថា ចំពោះកូនស្រីអ៊ំមួយនេះគ្មានអ្នកណារើសអើងទេ មានតែគេអាណិត សរសើរ ហើយបើក្រមកដល់ផ្ទះពេលយប់ អ្នកជិតខាងនាំគ្នាចាំមើលផ្លូវព្រោះជួយបារម្ភក្រែងមានគ្រោះ ថ្នាក់ផ្សេងៗ។ ចំណែកលោក កែវនី លោកណែម វុទ្ធី លោកជា សម្បត្ដិ និងលោកមុំចេក ដែលជាអ្នករត់ម៉ូតូឌុបឈរនៅទីតាំងជាមួយអ៊ំ ចាន់ថន និយាយដូចៗគ្នាថា ពួកលោកមានតែការកោតសរសើរដែលនាងហ៊ានប្រកាន់យកមុខរបរមួយដែល ប្លែកពីគេក្នុងសង្គម ប៉ុន្តែចំពោះពួកលោក លោកគិតថានេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ បើគេសើចយំក៏ស្រេចនឹងគេចុះ ព្រោះប្រសើរជាងដើរសុំទាន ឬប្រកបមុខរបរជានារីឡង់សេ ការាអូខេ ដែរ។ លោកកែវ នី បញ្ជាក់បន្ថែមទៅលើយោបល់របស់មិត្ត ភក្ដិលោកថា "ផ្ទុយពីខ្មែរយើងខ្លះដែលរើសអើង ពួកបរទេសគេអាណិតនាងណាស់ ឧទាហរណ៍ពេលខ្លះដែលខ្ញុំហៅបរទេសណាម្នាក់បានប្រុងនឹងជិះទៅហើយ ពេលឃើញនាងឈរជិតខ្ញុំ គេចង់អោយនាងឌុបវិញហើយប្រាប់ខ្ញុំថាគេចង់ជិះម៉ូតូម៉ាដាមវិញ ព្រោះអាណិតម៉ាដាម"។
រស់យក ស្លាប់ចោល
និយាយពីការលំបាកក្នុងការប្រកបមុខរបរនេះ លោកណែម វុទ្ធី អ្នករត់ម៉ូតូឌុប លើកឡើងថា "រត់ម៉ូតូឌុបប្រាកដជាលំបាក ដោយត្រូវហាលថ្ងៃ ហាលភ្លៀង រងក្លិន និងផ្សែងយានដ៏ទៃ ប្រើកម្លាំងច្រើន ជាពិសេសពេលស្ទះចរាចរណ៍ឬធ្វើដំណើរទៅឆ្ងាយ ដូច្នេះបើអ្នករត់ជាស្ត្រីឃើញថានឿយហត់ជាងប្រុសព្រោះស្រីមាន កម្លាំងកាយខ្សោយជាង"។ លោកជា សម្បត្តិ អ្នករត់ម៉ូតូឌុបម្នាក់ទៀត ក្នុងក្រុមមានយោបល់ស្របគ្នានឹងលោក ណែម វុទ្ធីដែរ ហើយផ្អែកលើយោបល់នោះលោកសំដែងការសរសើរចំពោះនាង អ៊ំ ចាន់ថន ថាតាំងពីលោកស្គាល់មកលោករកស្រីណាតស៊ូដូចនាងមិនបានទេ នាងរត់ម៉ូតូទាំងក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនបាន១ខែប៉ុណ្ណោះ ម្យ៉ាងទៀតនាងកម្រឈប់សម្រាកណាស់ ដូចជារាល់ពេលចូលឆ្នាំចិន និងភ្ជុំបិណ្ឌពួកម៉ូតូឌុបនាំគ្នាឈប់សម្រាកទៅផ្ទះ ទៅស្រុក អស់ ឯលោក និង ចាន់ថន មិនឈប់រត់ទេ។ ចំណែកអ៊ំ ចាន់ថន វិញនាងឯកភាពនឹងការលំបាកនានាដែលបុរសទាំងពីរបានលើកឡើង តែនាងបន្ថែមថា ចំពោះនាងនៅមានការលំបាកផ្សេងទៀតគឺតាំងពីព្រលឹមទល់យប់ នាងត្រូវចេញចោលកូន នាងអាណិតវាណាស់ ព្រោះពេលនោះកូនពៅមានអាយុមិនដល់១ខែផង ម្យ៉ាងទៀតដោយកម្លាំងនាងជាស្រី នាងនឿយហត់ណាស់ពេលឌុបភ្ញៀវបរទេសដែលមានមាឌធំ និងឌុបទៅទីឆ្ងាយ ណាមួយទៀតនាងមានការវះកាត់ភ្នែកផង ប៉ុន្តែទោះយ៉ាងនេះក៏ដោយក៏នាងកម្រឈប់សម្រាកណាស់ដោយកំណត់ក្នុង ចិត្តថា ត្រូវតែតស៊ូ បើរស់ក៏យក ស្លាប់ក៏ចោល។
ទទួលការរាប់អាន និងឧបត្ថម្ភ
ដើម្បីការពារសុវត្ថិភាពរបស់ខ្លួននាងអ៊ំ ចាន់ថន មិនឌុបភ្ញៀវខ្មែរណាដែលនាងមិនស្គាល់ឡើយ ប៉ុន្តែចំពោះភ្ញៀវបរទេសនាងឌុបទាំងអស់។ ដោយម្ដុំដែលនាងឈរប្រចាំការនេះជាតំបន់មានបរទេសរស់នៅ និងមានការិយាល័យរបស់អង្គការមិនមែនរដ្ឋាភិបាលច្រើន នាងមានម៉ូយជាភ្ញៀវបរទេសច្រើនណាស់ ដែលជួនកាលគេមកជិះដល់កន្លែង ជួនកាលគេទូរស័ព្ទហៅនាងទៅយកគេ។ លោកកែវ នី អ្នកម៉ូតូឌុបក្នុងក្រុមជាមួយគ្នានិយាយថា ពួកបរទេសចូលចិត្តចាន់ថនព្រោះគេថា នាងឌុបគេកាន់ចង្កូតនឹងល្អ គួបផ្សំអត្តចរិតរួសរាយស្លូតបូតផង នាងត្រូវទទួលការឧបត្ថម្ភជាច្រើន គឺនាងត្រូវភ្ញៀវបរទេសម្នាក់ឧបត្ថម្ភលុយកាក់អោយទៅរៀនភាសា អង់គ្លេសអស់រយៈពេលជាងមួយឆ្នាំ។ ហេតុនេះហើយបានជាសព្វថ្ងៃនាងចេះនិយាយភាសាអង់គ្លេសខ្លះៗ ជាមួយភ្ញៀវ និងចេះមើលផែនទីភ្នំពេញច្បាស់លាស់ផង។ ភ្ញៀវម្នាក់ទៀតនោះឧបត្ថម្ភលុយអោយនាងរៀនធ្វើម្ហូប តែចាន់ថន សុំអោយប្អូនស្រីនាងទៅរៀនជំនួសវិញ។ មុខវិជ្ជានេះធ្វើអោយប្អូនស្រីនាងបានប្រកបរបរជាអ្នកដណ្ដាំស្ល នៅផ្ទះជនបរទេសម្នាក់ ក្នុងពេលបច្ចុប្បន្ននេះ។ អ៊ំ ស៊ំ សាមឿន ជាម្ដាយមានមោទនភាពណាស់គាត់និយាយថា ប៉ុន្មានខែកន្លងទៅថ្មីៗនេះមានភ្ញៀវបរទេស និងអ្នករត់ម៉ូតូឌុបនាំគ្នាមកធ្វើពិធីរំលឹកខួបកំណើតអោយនាងនៅ ផ្ទះ ដោយមិនអោយនាងដឹងខ្លួនជាមុន។ អ៊ំបន្ថែមទៀតថាភ្ញៀវទាំងនោះជួនកាលផ្ដល់លុយ៣០ឬ៤០ដុល្លារអោយ ចាន់ថន ថែមទៀតផង។ និយាយពីសមានចិត្តដ៏ល្អរបស់ភ្ញៀវបរទេសនេះ នាងចាន់ថន ប្រាប់ថាជនបរទេសម្នាក់ធ្វើការនៅអង្គការសេវាកម្មអភិវឌ្ឍន៍ អាល្លឺម៉ង់(DED) ជួយផ្សព្វផ្សាយអោយនាងដោយធ្វើនាមប័ណ្ណអោយ និងធ្វើក្រដាសមានដាក់រូបថត និងលេខទូរស័ព្ទរបស់នាង ហើយយកក្រដាសនោះទៅផ្សាយនៅសណ្ឋាគារ ផ្ទះសំណាក់ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ លោកជា សម្បត្តិ លោកមុំ ចេក បញ្ជាក់ថាក្នុងចំណោមអ្នករត់ម៉ូតូឌុបក្រុមនេះ អ្នកណាក៏អាណិតស្រលាញ់ចាន់ថន ដែរគេតែងចាត់ទុកនាងដូចជាបងប្អូនបង្កើត មានពេលខ្លះនៅរដូវច្រូតកាត់គេនាំគ្នាយកអង្ករមកអោយនាងផងក៏ មាន។ ចំណែកអ៊ំ ស៊ូ ជិលហា ជាអ្នកជិតខាងបញ្ជាក់ថាចាន់ថន និងគ្រួសារជាមនុស្សល្អណាស់មិនដែលមានទំនាស់ពាក្យសំដីជាមួយអ្នក ជិតខាងឬមានសំដីធ្ងន់ធ្ងរអ្វីឡើយ។ ពេលយប់ឡើងអោយតែក្រឃើញនាងចូលផ្ទះ អ្នកជិតខាងនាំគ្នាជួយភ័យចាំមើលផ្លូវគ្រប់គ្នា។
សូមលើកតម្កើងស្ត្រីអោយបានពិតប្រាកដ
និយាយពីគម្រោងក្នុងពេលអនាគតវិញ នារីរត់ម៉ូតូឌុបម្នាក់នេះនិយាយថា ពេលនាងចាស់ទៅនាងចង់ដូរមុខរបរជាអ្នកលក់ដូរវិញ ចំណែកឯរឿងគូរស្រករ ថ្វីបើនាងធ្លាប់ឈឺចាប់ដោយសារប្ដីក៏ប៉ុន្តែនាងគិតថា បើមានបុរសណាល្អនាងអាចនឹងរៀបការជាថ្មីទៀតដែរ។ ចំពោះរឿងនេះនាងរំលឹកថា កន្លងមកនាងសម្រេចចិត្តលែងប្ដីដោយសារគេមានថ្មី ទោះបីប្ដីនាងសុំជាវិញក៏ដោយក៏នាងពុំព្រមដែរ ព្រោះនាងពុំចង់មានប្ដីមួយពីរនាក់ឡើយ។ នាងគ្រាន់តែសម្ដែងការតូចចិត្តថា មកទល់ពេលនេះប្ដីនាងពុំដែលផ្ដល់កាឧបត្ថម្ភជាអាហារឬប្រាក់ ចិញ្ចឹមកូននោះទេ។ អ៊ំ ចាន់ថន មានសំណូមពរថា សូមអោយសង្គមខ្មែរកុំបែងចែកការងាររវាងប្រុស និងស្រី កុំវាយតម្លៃមុនពេលឃើញស្រីបំពេញការងារអ្វីមួយដែលកម្រឃើញមាន ក្នុងសង្គម ហើយសូមលើកតម្កើងស្រីអោយបានពិតប្រាកដកុំបានត្រឹមតែផ្សព្វផ្សាយ ហើយពុំអនុវត្ត៕
ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh
No comments:
Post a Comment