Tuesday, May 27, 2008

រដ្ឋាភិបាល​អនុញ្ញាត​ ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ​ទៅ​បរទេស​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​ បន្ទាប់​ពី​បិទ​បណ្ដោះ​អាសន្ន​រយៈ​ពេល​២​ខែ

ស្រូវ​អង្ករ​របស់​ប្រជាកសិករ​ខ្មែរ​នឹង​អាច​ធ្វើ​ការ​នាំ​ចេញ​ទៅ​កាន់​បរទេស ​ដូច​ដើម​វិញ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ឧសភា​ នេះ​តទៅ​បន្ទាប់​ពី​ត្រូវ​បាន​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​២​ខែ​រួច​ មក​​(ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៦​ មីនា​ បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២៦​ ឧសភា) ដើម្បី​ទប់ទល់​អតិផរណា​អង្ករ​ឡើង​ថ្លៃ​នា​ពេល​កន្លង​មក។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «បម្រាម​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ត្រូវ​បាន​លើក​ចេញ។ ការ​អនុញ្ញាត​ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ​នេះ​និង​ត្រូវ​ពិនិត្យ​លទ្ធផល​ឡើង​ វិញ​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០០៨​ខាង​មុខ​នេះ។

ការ​អនុញ្ញាត​ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើង​វិញ​នេះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មិន​ខ្វះ​ស្បៀង​អាហារ​ទេ។ កម្ពុជា​ត្រូវ​បាន​ក្រសួង​កសិកម្ម​រាយការណ៍​ឲ្យ​ដឹង​ថា​ផលិត​ស្រូវ​បាន​៦,៧ លាន​តោន​កាល​ពី​ឆ្នាំ​២០០៧​កន្លង​ទៅ​ ហើយ​នៅ​សល់​ស្រូវ​អង្ករ​ពី​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ចំនួន ​២,៣​ លាន​តោន។ តួ​លេខ​នេះ​ពុំ​គិត​ពី​ទិន្នផល​ស្រូវ​ប្រាំង​របស់​ប្រជាកសិករ​ដែល​ផលិត​បាន​ នា​ពេល​ថ្មីៗ​នេះ​ទេ។ ស្រូវ​ប្រាំង​ដែល​ផលិត​បាន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើ ​ការ​នាំ​ចេញ​នៅ​ក្នុង​ពេល​ដាក់​បម្រាម​ចំនួន​ជាង ៦​ម៉ឺន​តោន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន។ លោក​ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា​៖ «ពិត​មែន​តែ​មាន​ការ​ហាម​ឃាត់​ ប៉ុន្តែ​យើង​សម្រួល​ឲ្យ​មាន​ការ​នាំ​ចេញ​ស្រូវ​អង្ករ​មួយ​ចំនួន​ ព្រោះ​ប្រជាពលរដ្ឋ​ចុះ​កុងត្រា​ជា​មួយ​គេ ប៉ុន្តែ​និយាយ​ឲ្យ​ចំ​ប្រជាពលរដ្ឋ​គ្មាន​ជង្រុក​ដាក់​ដោយសារ​តែ​មួយ​គ្រួសារ ​ «អាច​ផលិត​បាន​ពី​ ​១០​ ទៅ ​២០​ តោន​ស្រូវ»។

ការ​នាំ​ស្រូវ​ចេញ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​ត្រូវ​បាន​ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​របស់​រដ្ឋ ហើយ​មិន​ឲ្យ​លើស​បរិមាណ​ ​១,៦​ លាន​តោន​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ហ៊ុន​ សែន រហូត​មក​ទល់​ពេល​នេះ ការ​នាំ​ស្រូវ​ចេញ​ទៅ​បរទេស​ទាំង​មុន​ និង​ក្រោយ​មាន​ប្រមាណ​ជាង​កន្លះ​លាន​តោន​ ហើយ​នៅ​សល់​ប្រមាណ​ជាង​មួយ​លាន​តោន​ទៀត​ គឺ​ប្រជាជន​កម្ពុជា​ត្រូវ​ការ​លក់​ចេញ។ លោក​បាន​បន្ត​ថា៖ «ប្រជាកសិករ​ ៨០% សប្បាយ​ចិត្ត​នៅ​ពេល​ដែល​អង្ករ​ឡើង​ថ្លៃ»។ ដោយ​ថ្លែង​ថា រដូវ​វស្សា​បាន​ចាប់​ផ្ដើម​ ហើយ​ប្រជាកសិករ​កំពុង​ប្រកប​របរ​កសិកម្ម​របស់​ខ្លួន​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ធានា​ថា បើ​ការ​ពិត​យើង​មិន​ខ្វះ​អង្ករ​ទេ។ ឥឡូវ​ចាប់​ផ្ដើម​រដូវ​ដក​ស្ទូង​ហើយ ចំណែក​ឯ​ការ​ប្រមូល​ផល​របស់​យើង​និង​ធ្វើ​ជា​បន្តបន្ទាប់​គឺ​មិនមែន ៥​ ឆ្នាំ​ផ្ដល់​ផល​ម្ដង​នោះ​ទេ»។ លោក​ហ៊ុន សែន​ក៏​បាន​ថ្លែង​ថា​ ដោយ​សារ​តែ​អង្ករ​ច្រើន​ប្រសិន​បើ​ស្តុក​ទុក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ដើម្បី​ទិញ​ស្រូវ​ ហើយ​ត្រូវ​មាន​ម៉ាស៊ីន​កិន​ស្រូវ​ និង​ធ្វើ​ការ​វេច​ខ្ចប់​ថែម​ទៀត។ ជាមួយ​និង​ការ​បើក​ឲ្យ​មាន​ចេញ​ស្រូវ​ឡើង​វិញ​នេះ លោក​ហ៊ុន សែន​ ក៏​បាន​លើក​ឡើង​ថា​ ប្រទេស​ហ្វីលីព្ពីន​ដែល​មាន​ការ​ព្រួយ​បារម្ភ​ជាង​គេ​ពី​បញ្ហា​ស្រូវ​អង្ករ​ នេះ​នឹង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ។

ការ​ប្រកាស​បញ្ចប់​ការ​ដាក់​របាំង​ហាម​ឃាត់​មិន​ឲ្យ​នាំ​ស្រូវ​អង្ករ​ចេញ ​ទៅ​ក្រៅ​ប្រទេស​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​សេដ្ឋកិច្ច។ លោក​ព្រំ តុលា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ឡើង​វិញ​នៅ​ពេល​នេះ​ គឺ​ជា​ការ​ល្អ​ ព្រោះ​ទី​ផ្សារ​អង្ករ​នៅ​ពេល​នេះ​មាន​ស្ថេរ ភាព។ ម្យ៉ាង​ទៀត​ការ​នាំ​ចេញ​នៅ​ផលិតផល​កសិកម្ម​គឺ​ជា​ផ្នែក​មួយ​ដែល​បាន​ផ្ដល់​ ចំណូល​ដល់​ប្រទេស​កម្ពុជា»។ លោក​ ព្រំ​ តុលា​ បាន​បន្ដ​ទៀត​ថា​៖ "ការ​អនុញ្ញាត​ឲ្យ​កសិករ​នាំ​ចេញ​ស្រូវ​អង្ករ​នៅ​ពេល​នេះ​ ធ្វើ​ឲ្យ​កសិករ​អាច​ទាញ​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​ឡើង​តម្លៃ​ខ្ពស់​​នៃ​ ផលិតផល​កសិកម្ម​របស់​ខ្លួន​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាកសិករ​ ដែល​អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ទិញ​សម្ភារៈ​ កសិកម្ម​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​រដូវ​ដក​ស្ទូង​ដែល​ចូល​មក​ដល់​នេះ"។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​នេះ​គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​ សេដ្ឋកិច្ច​ជាតិ​ព្រោះ​ផលិតផល​សរុប​របស់​កម្ពុជា​ (GDP) ចំនួន​ ៣០%​ គឺ​បាន​មក​ពី​ផលិតផល​កសិកម្ម។

ប៉ុន្តែ​សម្រាប់​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​ដើរ​តួនាទី​ជា​គណបក្ស​ប្រឆាំង​ មួយ​ដែរ​នៅ​កម្ពុជា​ បាន​ថ្លែង​ស្វាគមន៍​ដោយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​បញ្ចប់​បម្រាម​នាំ​ស្រូវ ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​នេះ។ លោក​ កឹម​ សុខា​ បាន​មាន​ប្រសាសន៍​ថា​៖ "ការ​លើក​របាំង​នាំ​ចេញ​នេះ​គឺ​ជា​ការ​ល្អ​ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​ថា​ អាច​គ្រប់គ្រង​តម្លៃ​អង្ករ​បាន​ដែរ​ឬ​យ៉ាង​ណា។ រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធាន​ការ​​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រក្សា​ សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ និង​ទប់​កុំ​ឲ្យ​អង្ករ​​ឡើង​ថ្លៃ​ត​ទៅ​ទៀត"។ ប្រសិន​បើ​យើង​គ្មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ ហើយ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​ស្រូវ​ អង្ករ​ គឺ​ដល់​ពេល​អង្ករ​ឡើង​ថ្លៃ​ រដ្ឋាភិបាល​គ្មាន​អ្វី​ទប់ទល់​ទៀត​នោះ​ទេ" លោក​ កឹម​ សុខា​ ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ។

ការ​ព្រួយបារម្ភ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទើប​តែ​រះ​ថ្មី​នេះ​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពន្យល់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្រូវ​មិន​ឲ្យ​លើស​ពី​ ១,៦ លាន​តោន​នោះ​ទេ។
លោក​បន្ត​ថា​៖ "ដើម្បី​គ្រប់គ្រង​បរិមាណ​នាំ​ចេញ​នេះ​ រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​​ពាណិជ្ជកម្ម​ចេញ​លិខិត​ អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្រូវ​អង្ករ​ដែល​មាន​បរិមាណ​លើស​ពី​ ១០០​ តោន"។ ក្រុមហ៊ុន​ចម្រុះ​រដ្ឋ​ឯកជន​ដែល​នឹង​ត្រូវ​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​​ ត្រូវ​គេ​រំពឹង​ថា​ គឺ​ក្រុមហ៊ុន​ហ្គ្រីនត្រាត​ និង​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា។ រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ឲ្យ​ខ្ចី​ប្រាក់​ចំនួន​ ១០​ លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ស្រូវ​ស្ដុក​ទុក​នា​ពេល​កន្លង​មក​ដើម្បី​ កុំ​ឲ្យ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ លោក​ ភូ​ ពុយ​ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​សុំ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ អ្វី​ទេ​ចំពោះ​បញ្ហា​នេះ​ ដោយ​លោក​ថ្លែង​ថា​ជាប់​រវល់។ ប៉ុន្តែ​លោក​ សុន​ គន្ធរ​ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ រដ្ឋាភិបាល​កម្ពុជា។ និង​អះអាង​ថា​ កម្ពុជា​​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ឡើង​ វិញ​នេះ​ គឺ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ ព្រម​ទាំង​ត្រៀម​នូវ​វិធានការ​គ្រប់គ្រាន់​ហើយ។

ជា​មួយ​គ្នា​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​តិចតួច​នៅ​​តាម​ព្រំដែន​នៅ​ក្នុង​ក្រប​ខណ្ឌ​ ពាណិជ្ជកម្ម​ឆ្លង​ដែន​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​​នៅ​តាម​ច្រក​ព្រំដែន​ផ្លូវ​ការ​របស់​រដ្ឋ​ ដោយ​តម្រូវ​ឲ្យ​មាន​​ការ​កត់ត្រា​ច្បាស់លាស់​ពី​មន្ត្រី​គយ​ និង​កាំកុងត្រូល​ គឺ​មិន​ចាំបាច់​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​ទេ។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​នៅ​តាម​ព្រំដែន​កុំ​ បង្ក​បញ្ហា​លំបាក​ ដូចជា​ទារ​លុយ​ជា​ដើម​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​ស្រូវ​អង្ករ​ចេញ​តិចតួច។ "អ្វី​ដែល​សំខាន់​គឺ​យើង​​ចង់​ដឹង​ពី​តួ​លេខ​ពិត​ប្រាកដ​នៃ​ការ​នាំ​ចេញ" លោក​នាយករដ្ឋមន្ត្រី​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ មុន​នឹង​ថ្លែង​ថា​ អាជ្ញាធរ​ជាយ​ដែន​ត្រូវ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដើម្បី​នាំ​ស្រូវ​របស់​គាត់ ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

គូរ​បញ្ជាក់​ថា​ ដើម្បី​អាច​គ្រប់គ្រង​ទី​ផ្សារ​ស្រូវ​អង្ករ​នៅ​ក្នុង​តំបន់​ប្រទេស​​នៅ​ ក្នុង​​អនុ​តំបន់​ទន្លេ​មេគង្គ​ដែល​ផ្ដួចផ្ដើម​គំនិត​ឡើង​​ដោយ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នោះ​គ្រោង​​នឹង​បង្កើត​សមាគម​នៃ​ប្រទេស​នាំ​អង្ករ​ចេញ​មួយ​ដែល​មាន​លក្ខណៈ​ ប្រហាក់ប្រហែល​ទៅ​នឹង​​សមាគម​នៃ​ប្រទេស​នាំ​ប្រេង​ចេញ​ (OPEC) ដែរ​ជា​មួយ​និង​ប្រទេស​វៀតណាម​ ឡាវ​ ភូមា​ និង​ថៃ។ ប៉ុន្ដែ​ការ​បង្កើត​នេះ​ត្រូវ​បាន​ជាប់​គាំង​ទៅ​វិញ​ បន្ទាប់​ពី​ពេល​ថ្មីៗ​នេះ​ប្រទេស​ថៃ​បាន​ប្រកាស​ដក​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​នៅ​ក្នុង​​អនុ​តំបន់​ទន្លេ​ មេគង្គ​ដែល​ពិភាក្សា​​ទៅ​លើ​ការ​បង្កើត​សមាគម​នៃ​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ ​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​អំឡុង​ខែ​តុលា​ ខាង​មុខ​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​ដង​មក៕
ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh

No comments: