ខេត្តបន្ទាយមានជ័យ៖ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ឧសភា បានចាប់បញ្ជូនជនពីរនាក់ទៅតុលាការដោយចោទពីបទជួញដូរមនុស្សចេញ ទៅលក់នៅប្រទេសថៃ។
លោកវរសេនីយ៍ទោ អ៊ុំ សាត ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត មានប្រសាសន៍ថាជនដែលត្រូវចាប់ខ្លួននេះម្នាក់ឈ្មោះ ម៉ែន វិទូ ភេទប្រុសអាយុ ២៤ ឆ្នាំ រស់នៅភូមិត្នោតជ្រំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ និងម្នាក់ទៀតឈ្មោះ អៀម ឆាយ ហៅ សុខ តៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ អូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ។ មន្ត្រីប៉ូលិសរូបនេះបានឲ្យដឹងទៀតថាចំណែកនាងក្រមុំពីរនាក់ដែល ត្រូវបានសមត្ថកិច្ចជួយទាន់ ម្នាក់ឈ្មោះ សេង ពុទ្ធារ៉ូ អាយុ១៨ឆ្នាំ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ និងម្នាក់ទៀតឈ្មោះ ហ៊ូ គឹមលាន ហៅ លី វណ្ណី អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវក្រុងភ្នំពេញ។
បើតាមការរៀបរាប់របស់នាង ហ៊ូ គឹមលាន ហៅ លី វណ្ណី បានឲ្យដឹងថា នាងនិងឈ្មោះសេង ពុទ្ធារ៉ូជាមិត្តភក្តិនឹងគ្នា ហើយថ្ងៃមួយពេលនាំគ្នាដើរលេងនៅក្រុងភ្នំពេញ ក៏ជួបបុរសឈ្មោះ ម៉ែន វិទូ ជាមនុស្សស្គាល់គ្នាហើយក៏ជាមិត្តភក្តិរបស់ សេង ពុទ្ធារ៉ូ ដែលជាមិត្តនាងដែរ។ បើតាមការអះអាងថាពួកគេពីរនាក់ (ឈ្មោះ ម៉ែន វិទូ និង សេង ពុទ្ធារ៉ូ) ស្គាល់គ្នារយៈពេល៦ខែមកហើយ។
នាងនិយាយទៀតថា ពេលដើរលេងនោះឈ្មោះ ម៉ែន វិទូ បានបបួលពួកនាងទៅលេងនៅខេត្តបន្ទាយមានជ័យ គឺទៅលេងផ្ទះមិត្តភក្តិគេម្នាក់ឈ្មោះ អៀម ឆាយ ហៅសុខ តៅ នៅភូមិអូរអំបិល ស្រុកសិរីសោភ័ណ។ លុះនៅថ្ងៃទី២១ ឧសភា ពួកគេបានណាត់គ្នាជិះរថយន្តក្រុងមកខេត្តបន្ទាយមានជ័យដែលបានមក ដល់នៅម៉ោង១២ថ្ងៃត្រង់ រួចឈ្មោះ មែន វិទូ បានទូរស័ព្ទទៅឈ្មោះ អៀម ឆាយ ហៅ សុខ តៅ ឲ្យមកជួបគ្នានៅចំណតរថយន្តខេត្តបន្ទាយមានជ័យ ហើយក៏នាំគ្នាជិះរថយន្តតាក់ស៊ីបន្តទៅប៉ោយ ប៉ែត។
ពួកនាងនិយាយទៀតថារយៈពេល២ថ្ងៃគឺថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ឧសភា ឈ្មោះ មែន វិទូ និងឈ្មោះ អៀម ឆាយ បានបបួលពួកនាងធ្វើលិខិតឆ្លងដែន ដើម្បីទៅប្រទេសថៃដោយប្រាប់ថាទៅរកការងារធ្វើ តែពេលធ្វើប័ណ្ណឆ្លងដែននោះ ប៉ូលិសអន្តោប្រវេសន៍ប្រចាំតំបន់ប៉ោយប៉ែតបានប្រាប់ថា អ្នកដំណើរមិនអាចធ្វើឲ្យបានទេ។ ពេលនោះពួកគេក៏សម្រេចចាយលុយសម្រាប់រត់ការដោយឲ្យឈ្មោះអៀម ឆាយ ហៅ សុខ តៅ ជាអ្នកទាក់ទងការធ្វើផ្លូវកាត់នោះ គឺម្នាក់អស់១,៥០០បាត ដូច្នេះ៣នាក់អស់ចំនួន អស់ចំនួន៤,៥០០បាត ឯឈ្មោះ អៀម ឆាយ គេមានប័ណ្ណថៃសម្រាប់ចេញចូលរួចហើយ។ ការធ្វើប័ណ្ណនេះសុទ្ធតែក្លែងឈ្មោះទាំងអស់ គឺឈ្មោះ ម៉ែន វិទូក្លែងជាឌុយ ស៊ុយ នាង ហ៊ូ គឹមលាន ហៅ លី វណ្ណី ក្លែងជា ឡាយ វណ្ណី និងនាង សេង ពុទ្ធារ៉ូ ក្លែងជា ម៉េង សុធាវី។នាង ហ៊ូ គឹមលាន ហៅ លី វណ្ណី បន្តថាក្រោយពេលបានប័ណ្ណហើយ ពួកគេទាំងពីរនាក់ក៏បបួលពួកនាងចេញទៅប្រទេសថៃភ្លាមៗ ខណៈពួកនាងសម្រាកនៅផ្ទះសំណាក់ប៉ោយប៉ែតខាងជើងរង្វង់មូល។ ដោយសារមានការបបួលច្រើនដងពេកទើបនាងសង្ស័យក៏ចុះមកខាងក្រោមហើយ អង្គុយយំដោយការភ័យខ្លាច។ ពេលនោះម្ចាស់ផ្ទះសំណាក់ឃើញពួកនាងយំ ទើបមានការសង្ស័យក៏បានប្រាប់ទៅលោក ពិន វ៉ា មន្ត្រីប៉ូលិសការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនខេត្តប្រចាំនៅប៉ោយប៉ែត។ ក្រោយពីសាកសួរពួកនាងទាំង២នាក់ ទើបដឹងពីហេតុការណ៍ និងឈានដល់ការឃាត់ខ្លួនយុវជនទាំងពីរនាក់ នៅវេលាម៉ោង ៦ និង ២០នាទីព្រឹកថ្ងៃទី២៤ ឧសភា រួចបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អ៊ុំ សាត បញ្ជាក់ថានេះជាករណីជួញដូរមនុស្សដែលអគ្គស្នងការដ្ឋាននគរបាល ជាតិ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស តាមរយៈលោកស្នងការនគរបាលខេត្តបានណែនាំកម្លាំងជំនាញត្រូវយកចិត្ត ទុកដាក់ធ្វើការស្រាវជ្រាវរកមុខសញ្ញាហើយក៏បានឃាត់ខ្លួនយុវជន ទាំងពីរនាក់ ដែលលួងលោមក្មេងស្រីចេញទៅលក់នៅប្រទេសក្រៅ។ យោងតាមចម្លើយរបស់ជនរងគ្រោះ ហើយជនជាប់ចោទក៏សារភាពទើបកម្លាំងប៉ូលិសក៏កសាងសំណុំរឿងបញ្ជូន ជនជាប់ចោទទៅតុលាការ៕
No comments:
Post a Comment