ភ្នំពេញ៖ យ៉ាងតិចមានអ្នករងគ្រោះចំនួនពីរនាក់ក្នុងពេលថ្មីៗនេះនៅក្រុង ភ្នំពេញ ដោយសារអំពើប្លន់ដែលពួកចោរប្លន់បានទៅប្លន់ពេលចុះពីឡានដើរ ចូលផ្ទះ។ អ្នករងគ្រោះបែបនេះមានមិនតិចទេ តែភាគច្រើនពួកគេមិនទៅប្ដឹងប៉ូលិសឲ្យជួយស្រាវជ្រាវតាមរកចាប់ ជនល្មើសឡើយ ព្រោះគាត់ខ្មាសគេ គិតថាខាតពេល និងម្យ៉ាងពួកគាត់គ្មានជំនឿលើសមត្ថកិច្ច...។ល។ អ៊ីចឹងហើយក៏បណ្ដោយឲ្យអំពើប្លន់នេះចេះតែបន្តកើតមានរហូតទៅ។
អ្នករងគ្រោះម្នាក់ មានផ្ទះស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅងសេទុង (ផ្លូវមមាញឹក) បានប្រាប់ថា គាត់បានត្រូវចោរប្លន់កណ្ដាលថ្ងៃចែស កាលពីថ្មីៗនេះពេលចុះពីឡានចូលផ្ទះ។ ថ្ងៃនោះគាត់បើកឡានចេញទៅផ្សារ លុះពេលត្រឡប់មកដល់ផ្ទះវិញ គ្រាន់តែចតឡានបើកទ្វារដើរចេញមក ក៏ស្រាប់តែមានចោរប្លន់២នាក់មកដល់ល្មម។ អាម្នាក់វាដើរសំដៅមកកៀក រួចដកកាំភ្លើងខ្លីភ្ជង់ ដោយដំបូងទារយកកាបូបស្ពាយ បន្ទាប់មកវាទារដោះយកខ្សែកទៀត ដោយគំរាមចង់បាញ់។ គាត់ប្រាប់ថា ហេតុការណ៍នេះគាត់បានឃើញមុខចោរយ៉ាងច្បាស់។ គាត់មិនបានទៅប្ដឹងប៉ូលិសអំពីហេតុការណ៍នេះទេ។
ស្ត្រីអ្នករងគ្រោះម្នាក់ទៀតបានអះអាងដែរថា ថ្មីៗគាត់ត្រូវចោរប្លន់ស្រដៀងគ្នានេះនៅផ្លូវមុនីរ៉េត ត្រង់ម្ដុំរង្គសាលយូធូ។ ថ្ងៃនោះកូនប្រុសគាត់បានជូនឡានទៅផ្ទះភ្ញៀវនៅបណ្ដោយផ្លូវ មុនីរ៉េត។ គ្រាន់តែឡានឈប់ង៉ក់ដើរចុះពីឡាន ក៏ស្រាប់តែមានចោរប្លន់ស្ទាវពីរនាក់ឈប់ម៉ូតូង៉ក់ដែរ ហើយអាម្នាក់ក៏ស្ទុះមកភ្ជង់កាំភ្លើងគាត់ជាប់ ទារយកកាបូបស្ពាយ គាត់ក៏ឲ្យវាទៅព្រោះខ្លាចវាបាញ់។
តាមការសង្កេត ករណីប្លន់បែបនេះ ចោរកម្របង្កឲ្យមានសំឡេងក្នុងក្ឌាំង ឬផ្ទុះអាវុធណាស់ ព្រោះវាខ្លាចដែរ ទី១ បើវាបង្កឲ្យចលាចល ព័ត៌មាននោះនឹងត្រូវដឹងដល់ប៉ូលិស ដល់កាសែតផ្សាយ ពេលនោះលោកធំថ្នាក់លើដែលឃើញព័ត៌មាននោះនឹងមានការបញ្ជាឲ្យ ស្រាវជ្រាវ បញ្ជាឲ្យមានវិធានការបង្ក្រាប នាំឲ្យរំខានដល់សកម្មភាពប្លន់របស់ពួកវា អ៊ីចឹងធ្វើស្ងាត់ៗទៅ អ្នករងគ្រោះស្ងាត់ទៀត ទើបរកស៊ីបានយូរ។
អ៊ីចឹងហើយរឿងនេះ អ្នករងគ្រោះតទៅ គួរតែសហការគ្នាជាមួយប៉ូលិស ប្ដឹងប៉ូលិសប្ដឹងកាសែតចុះផ្សាយអំពីសកម្មភាពពួកចោរប្លន់ ដើម្បីឲ្យថ្នាក់លើ លោកធំដឹង មានវិធានការបង្ក្រាប និងស្រាវជ្រាវ កុំបណ្ដោយឲ្យវាប្រព្រឹត្តបានទៀត៕
ប្រសិនបើលោកអ្នកចង់ដឹងអំពីបញ្ហាទាក់ទងនិងសង្គម ជាពិសេសអំពីស្ត្រីសូមចូលទៅកាន់គេហទំព័រ http://women.open.org.kh
No comments:
Post a Comment