Wednesday, May 21, 2008

ក្មេង​ស្រី​ម្នាក់​ត្រូវ​គេ​ចាប់​រំលោភ​ពេល​ជិះ​កង់​ ទៅ​រៀន​ម្នាក់​ឯង

កំពង់​ស្ពឺ​៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ក្មេង​ពាល​នៅ​ក្នុង​ភូមិ​ជា​មួយ​ចាប់​រំលោភ​ សេពសន្ថវៈ​​រហូត​បាន​សម្រេច​ នៅ​តាម​ផ្លូវ​លំ​ ក្នុង​ខណៈ​ពេល​កំពុង​តែ​​ជិះ​កង់​​តែ​ម្នាក់​ឯង​កាត់​ព្រៃ​ទៅ​កាន់​សាលា​ រៀន។ ករណី​ចាប់​រំលោភ​សេពសន្ថវៈ​នេះ​បាន​កើត​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ នៅ​តាម​ផ្លូវ​លំ​មួយ​កន្លែង​ស្ថិត​នៅ​ត្រង់​ចំណុច​ព្រៃ​ចម្ការ​ចាម​ខាង​លិច​ ផ្លូវ​លំ​ចូល​ភូមិ​ខ្វាន​ ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង​ ប្រមាណ​ជា​៦០០​ម៉ែត្រ។

ក្មេង​ស្រី​រងគ្រោះ​ខាង​លើ​នេះ​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ក្នុង​ស្រុក​សំរោង​ទង​ឲ្យ​ដឹង​ថា​ ឈ្មោះ​​ ម៉.ស.អ​ អាយុ​១០​ឆ្នាំ​ នៅ​ភូមិ​ខ្វាន​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ។ ឯ​ក្មេង​ស្ទាវ​ឈាម​រាវ​ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ត្រូវ​បាន​ក្មេង​ស្រី​រងគ្រោះ​ប្រាប់​ប៉ូលិស​ថា​ ឈ្មោះ​ ជា​ ញ៉ឹប​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា។

ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា​ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ រូប​នាង​បាន​ធ្វើ​ដំណើរ​ ដោយ​ជិះកង់​ចេញ​ពី​ចម្ការ​របស់​ឈ្មោះ​ ឡោ​ ម៉េន​ (ម្ដាយ​ស៊ី​ឈ្នួល​ចាំ​ចម្ការ)​ ដើម្បី​ទៅ​​កាន់​សាលា​រៀន​អូរ​គគី​ ស្ថិត​ក្នុង​ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង។ លុះ​ជិះ​មក​ដល់​ចំណុច​ព្រៃ​ចម្ការ​ចាម​ខាង​លិច​ផ្លូវ​ចូល​ភូមិ​ខ្វាន​ប្រមាណ ​ជា​៦០០​ម៉ែត្រ​ស្រាប់​តែ​បាន​ឃើញ​ឈ្មោះ​ ជា​ ញ៉ឹប​ ដែល​​ជា​អ្នក​នៅ​ភូមិ​ជា​មួយ​គ្នា​ឈរ​នៅ​ពី​មុខ​រួម​ឃាត់​ឲ្យ​នាង​ឈប់។ ដោយ​ធ្លាប់​ស្គាល់​គ្នា​ នាង​ក៏​ឈប់​ស្រាប់​តែ​យុវជន​ខាង​លើ​បាន​ចាប់​អូស​នាង​ចូល​ព្រៃ​ក្បែរ​នោះ​​ ហើយ​ចាប់​រំលោភ​សេពសន្ថវៈ​នាង​តែ​ម្ដង។

ក្មេង​ស្រី​រងគ្រោះ​បាន​បន្ត​ថា​ ពេល​ចាប់​រំលោភ​រួច​ជន​ខាង​លើ​​បាន​គំរាម​នាង​ថា​ កុំ​និយាយ​ប្រាប់​គេ​ ប្រយ័ត្ន​សម្លាប់​ចោល។ ប៉ុន្តែ​ដោយ​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ខ្លាំង​ពេក​នាង​មិន​បាន​ទៅ​រៀន​ទេ​ ក៏​ជិះ​កង់​ត្រឡប់​មក​កន្លែង​ម្ដាយ​ចាំ​ចម្ការ​វិញ។ ម្ដាយ​ឆ្ងល់​ឃើញ​កូន​យំ​ ក៏​សួរ​នាំ​ទើប​នាង​ប្រាប់​ម្ដាយ​ថា​ មាន​ឈ្មោះ​ ជា​ ញ៉ឹប​ ចាប់​រំលោភ​នាង។

ភ្លាមៗ​នោះ​ម្ដាយ​ក៏​បាន​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ដែរ​ ប៉ុន្តែ​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​បាត់​តាំង​ពី​ក្រោយ​ពេល​កើត​ហេតុ​មក​ ម្ល៉េះ។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ៕

ដក​ស្រង់ពីគេហទំព័រ ស្តីអំពីស្ត្រី តាមរយះអាសយដ្ឋាន http://women.open.org.kh

No comments: