ស្រូវអង្កររបស់ប្រជាកសិករខ្មែរនឹងអាចធ្វើការនាំចេញទៅកាន់បរទេស ដូចដើមវិញហើយចាប់ពីថ្ងៃទី២៧ ឧសភា នេះតទៅបន្ទាប់ពីត្រូវបានហាមឃាត់ជាបណ្ដោះអាសន្នរយៈពេល២ខែរួច មក(ចាប់ផ្ដើមនៅថ្ងៃទី២៦ មីនា បញ្ចប់ទៅវិញនៅថ្ងៃទី២៦ ឧសភា) ដើម្បីទប់ទល់អតិផរណាអង្ករឡើងថ្លៃនាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា៖ «បម្រាមជាបណ្ដោះអាសន្ននៃការនាំចេញស្រូវអង្ករត្រូវបានលើកចេញ។ ការអនុញ្ញាតឲ្យនាំស្រូវអង្ករចេញនេះនិងត្រូវពិនិត្យលទ្ធផលឡើង វិញនៅដំណាច់ខែធ្នូ ឆ្នាំ២០០៨ខាងមុខនេះ។
ការអនុញ្ញាតឲ្យនាំស្រូវអង្ករចេញទៅក្រៅប្រទេសឡើងវិញនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនខ្វះស្បៀងអាហារទេ។ កម្ពុជាត្រូវបានក្រសួងកសិកម្មរាយការណ៍ឲ្យដឹងថាផលិតស្រូវបាន៦,៧ លានតោនកាលពីឆ្នាំ២០០៧កន្លងទៅ ហើយនៅសល់ស្រូវអង្ករពីការប្រើប្រាស់នៅក្នុងស្រុកចំនួន ២,៣ លានតោន។ តួលេខនេះពុំគិតពីទិន្នផលស្រូវប្រាំងរបស់ប្រជាកសិករដែលផលិតបាន នាពេលថ្មីៗនេះទេ។ ស្រូវប្រាំងដែលផលិតបានត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យធ្វើ ការនាំចេញនៅក្នុងពេលដាក់បម្រាមចំនួនជាង ៦ម៉ឺនតោននៅក្នុងខេត្តមួយចំនួននៅជាប់ព្រំដែន។ លោកហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ពិតមែនតែមានការហាមឃាត់ ប៉ុន្តែយើងសម្រួលឲ្យមានការនាំចេញស្រូវអង្ករមួយចំនួន ព្រោះប្រជាពលរដ្ឋចុះកុងត្រាជាមួយគេ ប៉ុន្តែនិយាយឲ្យចំប្រជាពលរដ្ឋគ្មានជង្រុកដាក់ដោយសារតែមួយគ្រួសារ «អាចផលិតបានពី ១០ ទៅ ២០ តោនស្រូវ»។
ការនាំស្រូវចេញដែលចាប់ផ្ដើមពីថ្ងៃអង្គារនេះតទៅត្រូវបាន ប្រមុខរដ្ឋាភិបាលខ្មែរឲ្យដឹងថា ការនាំចេញត្រូវឆ្លងកាត់ប្រព័ន្ធរបស់រដ្ឋ ហើយមិនឲ្យលើសបរិមាណ ១,៦ លានតោនទេ។ បើតាមការឲ្យដឹងរបស់លោកហ៊ុន សែន រហូតមកទល់ពេលនេះ ការនាំស្រូវចេញទៅបរទេសទាំងមុន និងក្រោយមានប្រមាណជាងកន្លះលានតោន ហើយនៅសល់ប្រមាណជាងមួយលានតោនទៀត គឺប្រជាជនកម្ពុជាត្រូវការលក់ចេញ។ លោកបានបន្តថា៖ «ប្រជាកសិករ ៨០% សប្បាយចិត្តនៅពេលដែលអង្ករឡើងថ្លៃ»។ ដោយថ្លែងថា រដូវវស្សាបានចាប់ផ្ដើម ហើយប្រជាកសិករកំពុងប្រកបរបរកសិកម្មរបស់ខ្លួន លោកនាយករដ្ឋមន្ត្រីបានថ្លែងធានាថា បើការពិតយើងមិនខ្វះអង្ករទេ។ ឥឡូវចាប់ផ្ដើមរដូវដកស្ទូងហើយ ចំណែកឯការប្រមូលផលរបស់យើងនិងធ្វើជាបន្តបន្ទាប់គឺមិនមែន ៥ ឆ្នាំផ្ដល់ផលម្ដងនោះទេ»។ លោកហ៊ុន សែនក៏បានថ្លែងថា ដោយសារតែអង្ករច្រើនប្រសិនបើស្តុកទុកត្រូវចំណាយប្រាក់ច្រើន ដើម្បីទិញស្រូវ ហើយត្រូវមានម៉ាស៊ីនកិនស្រូវ និងធ្វើការវេចខ្ចប់ថែមទៀត។ ជាមួយនិងការបើកឲ្យមានចេញស្រូវឡើងវិញនេះ លោកហ៊ុន សែន ក៏បានលើកឡើងថា ប្រទេសហ្វីលីព្ពីនដែលមានការព្រួយបារម្ភជាងគេពីបញ្ហាស្រូវអង្ករ នេះនឹងកាត់បន្ថយការព្រួយបារម្ភ។
ការប្រកាសបញ្ចប់ការដាក់របាំងហាមឃាត់មិនឲ្យនាំស្រូវអង្ករចេញ ទៅក្រៅប្រទេសនេះត្រូវបានគាំទ្រដោយអ្នកសេដ្ឋកិច្ច។ លោកព្រំ តុលាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានថ្លែងថា៖ «រដ្ឋាភិបាលអនុញ្ញាតឲ្យមានការនាំចេញស្រូវអង្ករឡើងវិញនៅពេលនេះ គឺជាការល្អ ព្រោះទីផ្សារអង្ករនៅពេលនេះមានស្ថេរ ភាព។ ម្យ៉ាងទៀតការនាំចេញនៅផលិតផលកសិកម្មគឺជាផ្នែកមួយដែលបានផ្ដល់ ចំណូលដល់ប្រទេសកម្ពុជា»។ លោក ព្រំ តុលា បានបន្ដទៀតថា៖ "ការអនុញ្ញាតឲ្យកសិករនាំចេញស្រូវអង្ករនៅពេលនេះ ធ្វើឲ្យកសិករអាចទាញបានផលចំណេញច្រើនពីការឡើងតម្លៃខ្ពស់នៃ ផលិតផលកសិកម្មរបស់ខ្លួន និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលអាចអនុញ្ញាតឲ្យពួកគាត់មានលទ្ធភាពនៅក្នុងការទិញសម្ភារៈ កសិកម្មដើម្បីប្រើប្រាស់នៅក្នុងរដូវដកស្ទូងដែលចូលមកដល់នេះ"។ លោកក៏បានថ្លែងផងដែរថា ការអនុញ្ញាតឲ្យមានការនាំចេញនេះគឺជាចំណុចវិជ្ជមានមួយសម្រាប់ សេដ្ឋកិច្ចជាតិព្រោះផលិតផលសរុបរបស់កម្ពុជា (GDP) ចំនួន ៣០% គឺបានមកពីផលិតផលកសិកម្ម។
ប៉ុន្តែសម្រាប់លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលកំពុងតែដើរតួនាទីជាគណបក្សប្រឆាំង មួយដែរនៅកម្ពុជា បានថ្លែងស្វាគមន៍ដោយប្រយ័ត្នប្រយែងចំពោះការបញ្ចប់បម្រាមនាំស្រូវ អង្ករចេញរបស់រដ្ឋាភិបាលនេះ។ លោក កឹម សុខា បានមានប្រសាសន៍ថា៖ "ការលើករបាំងនាំចេញនេះគឺជាការល្អ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវគិតគូរឲ្យបានច្បាស់លាស់ផងដែរថា អាចគ្រប់គ្រងតម្លៃអង្ករបានដែរឬយ៉ាងណា។ រដ្ឋាភិបាលគួរតែចាត់វិធានការឲ្យបានត្រឹមត្រូវដើម្បីរក្សា សន្តិសុខស្បៀងនៅកម្ពុជា និងទប់កុំឲ្យអង្ករឡើងថ្លៃតទៅទៀត"។ ប្រសិនបើយើងគ្មានការគ្រប់គ្រងច្បាស់លាស់ ហើយអនុញ្ញាតឲ្យនាំចេញទៅក្រៅប្រទេសអស់ស្រូវ អង្ករ គឺដល់ពេលអង្ករឡើងថ្លៃ រដ្ឋាភិបាលគ្មានអ្វីទប់ទល់ទៀតនោះទេ" លោក កឹម សុខា ថ្លែងបញ្ជាក់យ៉ាងដូច្នេះ។
ការព្រួយបារម្ភរបស់មេដឹកនាំគណបក្សប្រឆាំងទើបតែរះថ្មីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់កាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលអនុញ្ញាតឲ្យនាំចេញស្រូវមិនឲ្យលើសពី ១,៦ លានតោននោះទេ។
លោកបន្តថា៖ "ដើម្បីគ្រប់គ្រងបរិមាណនាំចេញនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មចេញលិខិត អនុញ្ញាតឲ្យនាំចេញស្រូវអង្ករដែលមានបរិមាណលើសពី ១០០ តោន"។ ក្រុមហ៊ុនចម្រុះរដ្ឋឯកជនដែលនឹងត្រូវនាំអង្ករចេញច្រើនជាងគេ ត្រូវគេរំពឹងថា គឺក្រុមហ៊ុនហ្គ្រីនត្រាត និងសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា។ រោងម៉ាស៊ីនកិនស្រូវកម្ពុជាដែលត្រូវបានរដ្ឋាភិបាលកម្ពុជាតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទឲ្យខ្ចីប្រាក់ចំនួន ១០ លានដុល្លារអាមេរិកដើម្បីទិញស្រូវស្ដុកទុកនាពេលកន្លងមកដើម្បី កុំឲ្យហូរចេញទៅក្រៅប្រទេស។ លោក ភូ ពុយ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាសុំពុំធ្វើអត្ថាធិប្បាយ អ្វីទេចំពោះបញ្ហានេះ ដោយលោកថ្លែងថាជាប់រវល់។ ប៉ុន្តែលោក សុន គន្ធរ ប្រធានធនាគារអភិវឌ្ឍន៍ជនបទបានអបអរសាទរចំពោះការសម្រេចចិត្តរបស់ រដ្ឋាភិបាលកម្ពុជា។ និងអះអាងថា កម្ពុជាមុននឹងអនុញ្ញាតឲ្យមានការនាំចេញអង្ករទៅក្រៅប្រទេសឡើង វិញនេះ គឺបានរៀបចំខ្លួនជាស្រេច ព្រមទាំងត្រៀមនូវវិធានការគ្រប់គ្រាន់ហើយ។
ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ចំពោះការនាំចេញស្រូវអង្ករតិចតួចនៅតាមព្រំដែននៅក្នុងក្របខណ្ឌ ពាណិជ្ជកម្មឆ្លងដែន ត្រូវបានអនុញ្ញាតឲ្យធ្វើនៅតាមច្រកព្រំដែនផ្លូវការរបស់រដ្ឋ ដោយតម្រូវឲ្យមានការកត់ត្រាច្បាស់លាស់ពីមន្ត្រីគយ និងកាំកុងត្រូល គឺមិនចាំបាច់មានលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្មទេ។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅដល់មន្ត្រីនៅតាមព្រំដែនកុំ បង្កបញ្ហាលំបាក ដូចជាទារលុយជាដើមពីប្រជាពលរដ្ឋដែលនាំស្រូវអង្ករចេញតិចតួច។ "អ្វីដែលសំខាន់គឺយើងចង់ដឹងពីតួលេខពិតប្រាកដនៃការនាំចេញ" លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់យ៉ាងដូច្នេះ មុននឹងថ្លែងថា អាជ្ញាធរជាយដែនត្រូវសម្រួលដល់ប្រជាពលរដ្ឋដើម្បីនាំស្រូវរបស់គាត់ ចេញទៅលក់នៅក្រៅប្រទេស។
គូរបញ្ជាក់ថា ដើម្បីអាចគ្រប់គ្រងទីផ្សារស្រូវអង្ករនៅក្នុងតំបន់ប្រទេសនៅ ក្នុងអនុតំបន់ទន្លេមេគង្គដែលផ្ដួចផ្ដើមគំនិតឡើងដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគ្រោងនឹងបង្កើតសមាគមនៃប្រទេសនាំអង្ករចេញមួយដែលមានលក្ខណៈ ប្រហាក់ប្រហែលទៅនឹងសមាគមនៃប្រទេសនាំប្រេងចេញ (OPEC) ដែរជាមួយនិងប្រទេសវៀតណាម ឡាវ ភូមា និងថៃ។ ប៉ុន្ដែការបង្កើតនេះត្រូវបានជាប់គាំងទៅវិញ បន្ទាប់ពីពេលថ្មីៗនេះប្រទេសថៃបានប្រកាសដកខ្លួន។ ទោះបីជាយ៉ាងណាកិច្ចប្រជុំនៃក្រុមប្រទេសនៅក្នុងអនុតំបន់ទន្លេ មេគង្គដែលពិភាក្សាទៅលើការបង្កើតសមាគមនៃប្រទេសអ្នកនាំអង្ករចេញ នេះនឹងត្រូវចាប់ផ្ដើមឡើងវិញនៅអំឡុងខែតុលា ខាងមុខនេះ បន្ទាប់ពីត្រូវបានលើកពេលជាច្រើនដងមក៕
ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh
No comments:
Post a Comment