អាយុទើបតែ ១៩ ឆ្នាំសោះ ប្អូនស្រី ស.ខ. បានជួបនូវព្យុះកម្មតណ្ហាគ្រប់បែបយ៉ាងដែលតាមយាយីដល់ជីវិតប្អូន ស្រី រឿងរ៉ាវអពមង្គលទាំងប៉ុន្មានដែលប្អូនស្រីបានឆ្លងកាត់នោះ វាគឺជាមេរៀនដ៏ជូរចត់មួយសម្រាប់ឆាកជីវិតរបស់ប្អូន។ មុនពេលប្អូនស្រីត្រូវគេបោកទៅលក់ឲ្យផ្ទះបន ប្អូនស្រីត្រូវគេចាប់រំលោភ តាំងពីពេលនោះមក ជីវិតរបស់ប្អូនស្រីបានរសាត់អណ្ដែតទៅតាមរលកនៃសង្គមដែលបានធ្វើ ឲ្យប្អូនស្រីធ្លាក់ចូលទៅក្នុងក្រញាំបិសាចតណ្ហាដែលជាឋានសួគ៌ សម្រាប់បុរសៗ និងជាឋាននរកសម្រាប់រូបប្អូនស្រី។
នៅពេលជួបអ្នកយកព័ត៌មានរបស់ "ប្រជាប្រិយ" នៅក្នុងមណ្ឌលទុំឌី របស់អង្គការ AFESIP ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ប្អូនស្រី ស.ខ. មិនចង់រំលឹកនូវរឿងអតីតកាលដែលប្អូនធ្លាប់ជួបប្រទះនោះឡើយ ពីព្រោះវាជារឿងអពមង្គលសម្រាប់ជីវិតរបស់ប្អូនស្រី។ នៅពេលសួររំលឹកអំពីរឿងអតីតកាល ប្អូនស្រីបានទម្លាក់ទឹកមុខ ហើយកែវភ្នែកទាំងគូរបស់ប្អូនបានបង្ហូរទឹកភ្នែករហាមមកលើថ្ពាល់។ ប្អូនស្រីបាននិយាយទាំងអារម្មណ៍អួលណែនដើមទ្រូងថា ប្អូនស្រីជាក្មេងកំព្រាឪពុកម្ដាយតាំងពីប្អូនមានអាយុ ៦ ឬ ៧ ឆ្នាំនោះម្ល៉េះ។ បន្ទាប់ពីឪពុកម្ដាយស្លាប់ចោលទៅមិនយូរប៉ុន្មានប្អូនស្រី និងបងស្រីរបស់ប្អូនម្នាក់ទៀតបានទៅរស់នៅជាមួយជីដូននៅក្នុងភូមិ អាចារ្យលក្ខ ស្រុកស្ទឹងសែន ខេត្តកំពង់ធំនោះដែរ។ រស់នៅជាមួយជីដូនអស់រយៈពេលជិតមួយឆ្នាំ បងស្រីរបស់ប្អូនបានមករស់នៅក្នុងទីក្រុងភ្នំពេញជាមួយម្ដាយមីង រយៈពេលប្រហែល ៥ខែក្រោយមក ប្អូនស្រីក៏បានមករស់នៅតាមបងនៅទីក្រុងភ្នំពេញបានជាង ៧ ខែ។ នៅក្នុងកំលុងឆ្នាំ ២០០៣ នៅខែវិច្ឆិកា មុនថ្ងៃអុំទូកមួយថ្ងៃប្អូនស្រីបានធ្វើដំណើរទៅលេងជីដូននៅឯ ស្រុកកំណើតក្នុងទឹកដីខេត្តកំពង់ធំ។ នៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក សំពះព្រះខែ នៅវេលាម៉ោងប្រហែលជា ៥ ឬ ៦ល្ងាច បងប្អូនស្រីជីដូនមួយរបស់ប្អូនស្រីក៏បានណែនាំមិត្តភក្ដិប្រុស ម្នាក់ដែលមានអាយុ ២៥ឆ្នាំ ឲ្យប្អូនស្រីបានស្គាល់ ហើយបាននាំគ្នាដើរលេង និងអង្គុយសាសងគ្នាលេងនៅលើបង់ក្នុងសួនកុមារក្បែរមាត់ស្ទឹងសែន ខេត្តកំពង់ធំនោះ។ ការអង្គុយសាសងគ្នាលេងបានបន្តិច បងប្អូនជីដូនមួយរបស់ប្អូន និងមិត្តភក្ដិរបស់គេម្នាក់ទៀតបានប្រាប់ប្អូនឲ្យនៅអង្គុយចាំគេ ក្នុងសួនច្បារកុមារនោះ ដោយពួកគេនាំគ្នាទៅរកទិញទឹកក្រឡុកយកមកចែកគ្នាហូប ដែលពួកគេទុកឱកាសឲ្យប្អូនស្រី និងបុរសម្នាក់ដែលអង្គុយក្បែរប្អូននោះសាសងគ្នា។
ការទន្ទឹងរង់ចាំពីមួយម៉ោងទៅមួយម៉ោង នៅតែមិនឃើញបងប្អូនជីដូនមួយរបស់ប្អូននោះវិលត្រឡប់មកវិញឡើយ ហើយបុរសដែលអង្គុយនៅក្បែរប្អូនបាននិយាយអន្ទងលួងលោមស្រឡាញ់ប្អូន ស្រីយកធ្វើជាសង្សារ និងអាចឈានទៅរៀបការជាមួយគ្នា។ ទោះបីជាបុរសនោះខំព្យាយាមលួងលោមយ៉ាងណាក៏ដោយ ក៏ប្អូនស្រីមិនបាក់ចិត្តតាមពាក្យសំដីផ្អែមល្ហែមរបស់បុរសម្នាក់ នោះឡើយ ដោយប្អូនស្រីមិននិយាយអ្វីទាំងអស់ ដោយក្នុងចិត្តអន្ទះសាទន្ទឹងរង់ចាំមើលផ្លូវបងស្រីជីដូនមួយដល់ វេលាម៉ោង ១០យប់ ដោយសារតែមិនឃើញបងស្រីជីដូនមួយរបស់ខ្លួនមក ប្អូនស្រី ស.ខ. ក៏បានសុំបុរសម្នាក់ដែលលួងលោមសុំស្នេហ៍នោះត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបុរសម្នាក់នោះមិនឲ្យប្អូនស្រីទៅផ្ទះឡើយ ដោយគេឃាត់ឲ្យប្អូននៅអង្គុយនិយាយលេងជាមួយរូបគេបន្តិចទៀត តែប្អូនស្រីមិនស្ដាប់តាមការឃាត់របស់បុរសម្នាក់នោះឡើយ ហើយប្អូនក៏ក្រោកដើរចេញពីបុរសនោះ។ ដោយសារគេឃើញប្អូនក្រោកដើរចេញពីរូបគេ បុរសម្នាក់នោះក៏បានស្ទុះទៅចាប់ទាញដៃប្អូនស្រី ហើយគេក៏ចាប់ឲ្យប្អូនស្រីយ៉ាងណែន ហើយបានបន្លឺពាក្យសម្ដីថា "បងស្រឡាញ់អូនខ្លាំងណាស់"។ ពេលនោះប្អូនស្រីក៏ខំរើបម្រះពីកណ្ដាប់ដៃប្រុសព្រាននោះ ដោយសារតែប្អូនស្រីនៅវ័យជំទង់នៅឡើយមិនមានកម្លាំងរើបម្រះចេញ ពីកណ្ដាប់ដៃប្រុសព្រាននោះបាន ប្អូនស្រីក៏យំអង្វរគេ មិនតែប៉ុណ្ណោះគេថែមទាំងទះកំផ្លៀងប្អូនទៀត ដោយបង្ខំឲ្យប្អូនប្រគល់ខ្លួនឲ្យគេ ពេលនោះហើយប្អូនស្រី ស.ខ. ត្រូវបុរសម្នាក់នោះចាប់រំលោភបានសម្រេចរហូតដល់ទៅពីរដង នៅក្នុងសួនកុមារក្បែរមាត់ស្ទឹងសែននោះ។
ប្អូនស្រី ស.ខ. ត្រូវគេបោកយកទៅលក់ឲ្យផ្ទះបន
បន្ទាប់ពីគេចាប់រំលោភរួចមក ប្អូនស្រី ស.ខ. ហាក់បីដូចជាមិនមានអារម្មណ៍នៅក្នុងខ្លួនឡើយ ហើយប្អូនស្រីក៏ឈប់មករស់នៅក្នុងទីក្រុងភ្នំពេញជាមួយបងស្រីរបស់ ខ្លួន សូម្បីតែផ្ទះជីដូននៅក្នុងខេត្តកំពង់ធំនោះ ក៏ប្អូនស្រីមិននៅជាមួយដែរ ពីព្រោះប្អូនស្រីស្អប់បងស្រីជីដូនមួយនៅក្នុងផ្ទះនោះ ដែលនាំឲ្យរូបប្អូនស្រីធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃព្រានបិសាច តណ្ហា។ ចាប់តាំងពីពេលនោះមក ប្អូនស្រីបានសុំស្ត្រីម្នាក់ដែលគេមានកូនចៅនៅតូចៗនៅក្នុងភូមិ នោះដែរ ដើម្បីសុំធ្វើជាម្ដាយ ហើយបានទៅរស់នៅក្នុងក្រុមគ្រួសារនោះអស់រយៈពេលជាងមួយឆ្នាំ ដោយជីវភាពក្នុងគ្រួសារម្ដាយចិញ្ចឹមនោះមានការលំបាកពេក មានស្ត្រីម្នាក់នៅក្នុងភូមិអាចារ្យលក្ខនោះដែរគេបានបបួលប្អូន ស្រីថា នាំប្អូនស្រីទៅធ្វើការក្នុងរោងចក្រនៅខេត្តកំពង់ចាម។ ដោយសារគិតថា ជួយរកប្រាក់ចិញ្ចឹមគ្រួសារផង ប្អូនស្រីក៏បានសម្រេចចិត្តទៅតាមគេដើម្បីទៅរកការងារធ្វើ ពេលទៅដល់ខេត្តកំពង់ចាម ស្ត្រីដែលនាំប្អូនស្រី ស.ខ. ទៅនោះ គេមិនបានយកប្អូនស្រីទៅធ្វើការក្នុងរោងចក្រនោះទេ ដោយគេយកប្អូនស្រីទៅធ្វើដាក់ក្នុងហាងកាហ្វេ។ បើតាមសម្ដីរបស់ប្អូនស្រីនិយាយថា ហាងកាហ្វេនោះជាកន្លែងផ្ទះបន ការបើកហាងកាហ្វេគ្រាន់តែជាកន្លែងបិទបាំងការរកស៊ីជួញដូរផ្លូវ ភេទតែប៉ុណ្ណោះ។ នៅក្នុងហាងកាហ្វេខេត្តកំពង់ចាមនោះ មេបននៅទីនោះគេមិនទាន់ឲ្យប្អូនស្រីទទួលភ្ញៀវនោះទេ គឺគេគ្រាន់តែឲ្យប្អូនរត់តុបម្រើភ្ញៀវក្នុងហាងនោះធម្មតា ប៉ុន្តែរយៈពេលបីថ្ងៃក្រោយមកម្ចាស់ស្រីហាងកាហ្វេនោះបាននាំប្អូន ស្រីមកកាន់ទីក្រុងភ្នំពេញ ដោយគេប្រាប់ប្អូនស្រីថា នាំប្អូនស្រីដើរលេង។ មកដល់ទីក្រុងភ្នំពេញ ស្ត្រីម្ចាស់ហាងកាហ្វេនោះបាននាំប្អូនស្រីចូលផ្ទះមួយនៅម្ដុំ ទួលគោក ដែលប្អូនស្រីមិនដឹងថាផ្ទះនោះជាផ្ទះបនឡើយ ប៉ុន្តែឃើញស្រីក្មេងៗជាច្រើននៅក្នុងផ្ទះនោះ នៅពេលគេនាំប្អូនស្រីទៅដល់ផ្ទះម្ដុំទួលគោកនោះភ្លាមស្ត្រីដែល នាំប្អូនស្រីទៅនោះគេបានណែនាំប្អូនស្រីឲ្យស្គាល់ស្ត្រីម្ចាស់ ផ្ទះនៅម្ដុំទួលគោកនោះថា ជាប្អូនស្រីរបស់គេ ដោយគេបានបង្គាប់ប្អូនស្រីឲ្យហៅថា មីង ហើយគេបានប្រាប់ឲ្យប្អូនស្រីនៅលេងក្នុងផ្ទះម្ដុំទួលគោកនោះមួយ ភ្លែតសិន រូបគេទៅរកទិញអីវ៉ាន់នៅឯផ្សារ។
ក្នុងចិត្តរបស់ប្អូនស្រីបានរង់ចាំស្ត្រីដែលជាម្ចាស់ហាង កាហ្វេនៅកំពង់ចាមនោះយ៉ាងអន្ទះសា ដោយមិនដឹងថា ខ្លួនត្រូវគេបោកយកមកលក់ឲ្យផ្ទះបនសោះការទន្ទឹងរង់ចាំតាំងពី ម៉ោង ១១ ថ្ងៃត្រង់រហូតដល់ម៉ោង ៦ល្ងាច នៅតែមិនឃើញស្ត្រីម្នាក់នោះមកទៀត។ ដល់ម៉ោងជាង ៦ល្ងាច ប្អូនស្រីបានឃើញស្រីក្មេងៗដែលនៅក្នុងផ្ទះម្ដុំទួលគោកនោះរៀបចំ តុបតែងខ្លួនដើម្បីចេញទទួលភ្ញៀវទើបប្អូនភ្ញាក់ខ្លួនព្រើតថា ជាកន្លែងផ្ទះបន។ នៅផ្ទះបនម្ដុំទួលគោកនោះបានពីរថ្ងៃ មេបនបានបង្ខំប្អូនស្រីឲ្យទទួលភ្ញៀវនិង ដេកជាមួយភ្ញៀវ មុនដំបូងប្អូនស្រីប្រកែកមិនទៅទទួលភ្ញៀវ ឬ ដេកជាមួយភ្ញៀវឡើយ។ ពេលដែលប្អូនស្រីមិនព្រមទទួលភ្ញៀវ មេបនគេបានវាយប្អូនដោយឆក់ខ្សែភ្លើង ពេលខ្លះជះទឹកនោមក្នុងកន្ថោរដាក់លើក្បាលប្អូនស្រីថែមទៀត ហើយគេឲ្យជើងកាងរបស់គេវាយទាត់ធាក់ដើម្បីបង្ខំប្អូនស្រីទទួល ភ្ញៀវ ឬ ដេកជាមួយភ្ញៀវ។ មេបននោះនិយាយថា "នាងឯងត្រូវតែរកប្រាក់សងអញវិញ ពីព្រោះអញបានទិញនាងឯងពីគេក្នុងតម្លៃ ២៥០ដុល្លារ ដូច្នេះនាងឯងត្រូវតែដេកជាមួយភ្ញៀវ ដើម្បីរកប្រាក់សងអញវិញ"។ ក្នុងមួយថ្ងៃគេបង្ខំឲ្យប្អូនស្រីដេកជាមួយភ្ញៀវពី ១៥នាក់ ទៅ ២០នាក់ រាល់ភ្ញៀវដែលប្អូនស្រីដេកជាមួយនោះមានអ្នកខ្លះក៏កាច ហើយអ្នកខ្លះស្លូតដែររាល់ភ្ញៀវដែលកាចធ្វើបាបប្អូនស្រីនោះ ភាគច្រើនជាភ្ញៀវក្មេងស្ទាវៗ ដែលគេមានគ្នីគ្នា ៣ ឬ៤ នាក់ បង្ខំរួមភេទជាមួយប្អូនស្រីតែម្នាក់ ហើយគេបានធ្វើបាបប្អូនប្រៀបដូចជាសត្វធាតុ។
ធ្វើជាស្រីបម្រើសេវាកម្មផ្លូវភេទបានរយៈពេលជាង ៤ខែ ប្អូនស្រីបានស្គាល់ម៉ូយម្នាក់ដែលគេធ្លាប់ដេកជាមួយប្អូន ដែលបុរសម្នាក់នោះជាមន្ត្រីប៉ូលិសដែលគេស្លៀកពាក់ស៊ីវិលចូលទៅ ក្នុងផ្ទះបន ឬ ដេកជាមួយប្អូនស្រីស្ទើរតែជារៀងរាល់សប្ដាហ៍។ នៅពេលមួយនោះ គេបានសួរប្អូនស្រីថា "អូនឯងចង់ចេញពីផ្ទះបននេះទេ?" ពេលនោះប្អូនស្រីឆ្លើយថា "ខ្ញុំចង់ចេញពីផ្ទះបននេះណាស់សូមបងជួយខ្ញុំផង ពីព្រោះគេបោកខ្ញុំយកមកលក់ឲ្យផ្ទះបននេះ"។ លុះពេលព្រឹកឡើង មន្ត្រីប៉ូលិសរួបនោះក៏បាននាំក្រុមប៉ូលិសទៅរំដោះប្អូនស្រី និងក្មេងស្រីដទៃទៀតដែលគេបានបង្ខាំងទុកសម្រាប់បម្រើសេវាកម្ម ផ្លូវភេទ។ បន្ទាប់ពីរំដោះប្អូនស្រីចេញពីផ្ទះបន ប៉ូលិសក៏បានយកប្អូនស្រីទៅប្រគល់ឲ្យអង្គការ AFESIP ដើម្បីធ្វើការអប់រំ និងបង្រៀនមុខជំនាញផ្សេងៗ នៅក្នុងអង្គការនោះប្អូនបានមករៀននៅក្នុងអង្គការនេះបានរយៈពេល ជិតពីរឆ្នាំហើយ ដោយរៀនយកមុខជំនាញកាត់ដេរសំលៀកបំពាក់ ឥឡូវនេះចេះបានច្រើនហើយ។
ប្អូនស្រីបានធ្វើការសំណូមពរដល់ស្ត្រីខ្មែរគ្រប់រូប ជាពិសេសប្អូនស្រីកុំឲ្យឆាប់ជឿទុកចិត្តគេពេក ប្រសិនបើសម្រេចចិត្តខុសអាចគ្រោះថ្នាក់ធ្លាក់ខ្លួនដូចជារូបប្អូន ស្រី ស.ខ.ជាដើម៕
ដកស្រង់ចេញពីវ៉ិបសាយ http://women.open.org.kh
No comments:
Post a Comment