ព្រៃវែង៖ នារីម្នាក់ត្រូវបុរសកំហូចមានប្រពន្ធកូនដល់ទៅ២ នាក់ចាប់រំលោភសេពសន្ថវៈទាល់តែបានសម្រេចបំណង នៅខណៈពេលនារីរូបនោះនៅចាំយាមបឹងឈូក។ ការចាប់រំលោភនេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ឧសភា ២០០៨នៅចម្ងាយពីភូមិ២គីឡូម៉ែត្រដែលស្ថិតនៅក្នុងភូមិពោធិរៀង ខាងជើង ឃុំពោធិរៀង ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ប៉ូលិសស្រុកកំពង់លាវនិយាយឲ្យដឹងថា នារីរងគ្រោះនោះឈ្មោះ អ.ស.ព អាយុ១៧ឆ្នាំ រីឯបុរសកំហូច ឈ្មោះ ប៉ែន ឡា អាយុ២៨ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ប៉ូលិសស្រុក និយាយឲ្យដឹងទៀតថា នៅវេលាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ នារី អ.ស.ព បានចេញពីផ្ទះទៅចាំបឹងឈូក។ ពេលនាងកំពុងនៅក្នុងរោង ស្រាប់តែបុរសកំហូច ប៉ែន ឡា បានដើរចូលមក ដោយនិយាយពីនេះពីនោះជាមួយនាង ហើយមួយសន្ទុះក្រោយមកក៏ចាប់រំលោភនារី អ.ស.ព ទាល់តែបានសម្រេចបំណង។ បុរសកំហូច ប៉ែន ឡា បាននិយាយគំរាមថា មិនឲ្យនាងប្រាប់អ្នកណាឲ្យដឹងឡើយ រួចក៏ដើរចេញទៅបាត់។
ប៉ូលិសស្រុកកំពង់លាវបាននិយាយឲ្យដឹងទៀតថា បន្ទាប់ពីបុរស ប៉ែន ឡា ចេញផុត នារី អ.ស.ព ក៏ដើរមកផ្ទះ ហើយនិយាយរៀបរាប់ប្រាប់ឪពុកម្ដាយពីហេតុការណ៍កើតឡើង។ បន្ទាប់មកក្រុមគ្រួសារបានទៅប្ដឹងប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ពោធិរៀងឲ្យជួយរកយុត្តិធម៌។ ពេលទទួលពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចប៉ូលិសបានទៅរកចាប់ខ្លួនបុរសកំហូច ប៉ែន ឡា តែបុរសរូបនេះរត់គេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចប៉ូលិសកំពុងបំពេញសំណុំរឿង និងធ្វើការស្រាវជ្រាវរកចាប់បុរសកំហូចនោះមកផ្ដន្ទាទោសតាមច្បាប់៕
ប្រសិនបើលោកអ្នកចង់ដឹងអំពីបញ្ហាស្ត្រី សូមចូលទៅកាន់
http://women.open.org.kh
No comments:
Post a Comment