ភ្នំពេញ៖ លោក ច្រឹង លឹមស្រ៊ី ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំយុវជន និងកីឡាបាននិយាយកាលពីថ្ងៃទី៣១ ខែកក្កដា ឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៨ខាងមុខនេះ មានបេក្ខជនចូលរួមប្រឡងចំនួន៧៩៥៤៩នាក់កើនជាងឆ្នាំមុនជាង២ម៉ឺន នាក់។
នៅឆ្នាំនេះក្រសួងអប់រំយុវជន និងកីឡាបានរៀបចំប្រឡងបាក់ឌុបមុនប្រឡងឌីប្លូមដោយសារតែប្រទេស កម្ពុជាជាប់រវល់រៀបចំការបោះឆ្នោតសកលដែលទើបបញ្ចប់នាពេលថ្មីៗ នេះ។
លោក ច្រឹង លឹមស្រ៊ី បាននិយាយបន្តទៀតឲ្យដឹងថា ដោយសារតែនៅឆ្នាំនេះមានបេក្ខជនប្រឡងជាគ្រូបង្រៀនមកពីសាលា បឋមសិក្សានានានោះ ទើបនាំឲ្យចំនួនបេក្ខជនប្រឡងមានការកើនឡើងយ៉ាងច្រើនបើប្រៀបធៀប ទៅនឹងឆ្នាំមុន។
លោកប្រធាននាយកដ្ឋានរូបនោះបាននិយាយថា បេក្ខជនចូលរួមប្រឡងបាក់ឌុបនាឆ្នាំនេះមានចំនួន៧៩៥៤៩នាក់ក្នុងនោះ បេក្ខនារីមាន៣០៧៨៦នាក់។ ក្នុងចំណោមបេក្ខជន៧៩៥៤៩នាក់មានបេក្ខជនបំពេញវិជ្ជាចំនួន៤៤៣៤នាក់ ក្នុងនោះមានបេក្ខនារី១៥៥៩នាក់។
លោក ច្រឹង លឹមស្រ៊ី បាននិយាយបញ្ជាក់ថា បេក្ខជនបំពេញវិជ្ជាចំនួន៤៤៣៤នាក់មានបេក្ខជនជាគ្រូបង្រៀនមកពី តាមសាលាបឋមសិក្សានានាផងដែរ។ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានប្រកាសឲ្យគ្រូបឋមសិក្សាមានសិទ្ធិរៀនបន្តដើម្បីប្រឡងយក សញ្ញាបត្របាក់ឌុប ឬប្រឡងចូលរៀនមហាវិទ្យាល័យទើបនៅឆ្នាំនេះមានគ្រូបឋមដាក់ពាក្យ ប្រឡងជាបេក្ខជនបំពេញវិជ្ជាដែលធ្វើឲ្យចំនួនបេក្ខជនប្រឡងមាន ការកើនឡើង២០៥៦៦នាក់ដែលឆ្នាំមុនមានបេក្ខជនតែ៥៨៩៨៣នាក់។ ក្រៅពីមានបេក្ខជនប្រឡងមានការកើនឡើងចំនួនបន្ទប់ប្រឡងនិងមណ្ឌល ប្រឡងក៏មានការកើនឡើងដែរ។ នៅឆ្នាំនេះមានមណ្ឌលប្រឡង១៣៩ចែកជា៣២២០បន្ទប់។ ដោយឡែករាជធានីភ្នំពេញមានបេក្ខជនប្រឡងចំនួន១៩៥៩៦នាក់ក្នុងនោះ បេក្ខនារីចំនួន៨៤៤៣នាក់មានមណ្ឌលប្រឡង២៣ចែកជា៧៨៧បន្ទប់។ នៅឆ្នាំ២០០៧មានមណ្ឌលប្រឡង១១៥ចែកជា២៣៨៧បន្ទប់។ នៅមណ្ឌលប្រឡងភ្នំពេញមាន១៨មណ្ឌលចែកជា៥៨៣បន្ទប់ និងមានបេក្ខជនប្រឡង១៤៥២៨នាក់។
លោក កើ ណៃលាង អគ្គនាយកអប់រំនៃក្រសួងអប់រំយុវជន និងកីឡាបាននិយាយកាលពីថ្ងៃទី៣១ ខែកក្កដា ឲ្យដឹងថា ប្រឡងបាក់ឌុបនៅឆ្នាំនេះមិនមានការកែប្រែបទបញ្ញត្តិទេតែពង្រឹង ការអនុវត្តន៍បទបញ្ញត្តិឲ្យកាន់តែប្រសើរថែមទៀតដូចជាបញ្ហា ប្រ៊ុយ៉ុងការលួចចម្លងគ្នាពោលគឺរៀបចំបន្ទប់ប្រឡងឲ្យមានរបៀប រៀបរយ។
លោក កើ ណៃលាង បាននិយាយបន្ថែមថា យើងក៏ខិតខំថែរក្សាវិញ្ញាសាប្រឡងឲ្យមានសុវត្ថិភាព។
ពាក់ព័ន្ធទៅនឹងការប្រឡងបាក់ឌុបនេះដែរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៨ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្ដីប្រកាសព័ត៌មាននោះបានសរសេរថា រៀងរាល់ឆ្នាំក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយតិភូមិក្រសួង បានខិតខំរៀបចំគោលការយន្តការសេចក្ដីណែនាំលិខិតបទដ្ឋានផ្សេងៗ សំរាប់កែលំអការប្រឡងឲ្យកាន់តែប្រសើរឡើងដើម្បីវិនិច្ឆ័យកម្រិត សមត្ថភាពចំណេះដឹង។ វប្បធម៌របស់បេក្ខជនប្រកបដោយគិតយុត្តិធម៌។
សេចក្ដីប្រកាសព័ត៌មានខាងលើបានឲ្យដឹងទៀតថា ដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយលក្ខណៈត្រឹមត្រូវយុត្តិធម៌ និងអាចជឿទុកចិត្តបានក្រសួងសូមអំពាវនាវចំពោះបេក្ខជនត្រូវគោរព បទបញ្ញត្តិ និងកម្រិតវិន័យរបស់បេក្ខជនក្នុងការប្រឡងឲ្យបានល្អនិងកុំចាញ់ បោកជនខិលខូចដែលធ្វើវិញ្ញាសាក្លែងក្លាយ ឬអូសសំណៅសំណួរ-ចម្លើយលក់បោកប្រាស់បេក្ខជន។ មាតាបិតា ឬអាណាព្យាបាលបេក្ខជនសូមជឿទុកចិត្តលើក្រសួងក្នុងការរៀបចំប្រឡង ព្រមទាំងចូលរួមទប់ស្កាត់អំពើបោកប្រាស់ទាំងឡាយ។ ក្រសួងក៏សូមអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយ ហាមឃាត់កន្លែងថតចម្លងនៅជុំវិញមណ្ឌលប្រឡងតែងតែមានជនឱកាសនិយម រៀបចំជាទំរង់វិញ្ញាសាឬសំណៅសំណួរ-ចម្លើយអូសលក់ចែកចាយឲ្យបេក្ខជន មុនថ្ងៃប្រឡងពិសេសនៅពេលយប់ពេលជិតភ្លឺ និងមុនពេលបេក្ខជនចូលក្នុងមណ្ឌលប្រឡងយ៉ាងគគ្រឹកគគ្រេងបានបង្កភាព អនាធិបតេយ្យ និងឲ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។
ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡាចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីលប់បំបាត់ភាពមិនប្រក្រតី និងអំពើពុករលួយកើតឡើងនៅពេលប្រឡងបាក់ឌុបនៅឆ្នាំនេះ ព្រោះលោកខ្លាចថា ស្របពេលដែរនៅមិនទាន់មានការរៀបចំរាជរដ្ឋាភិបាលថ្មីនោះមានជនឱកាស និយមមួយចំនួនយកផលចំណេញពីការប្រឡងនេះ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh